សម្ដេចតេជោ ហ៊ុន សែន ប្រកាសអញ្ជើញ តារាល្បីៗទាំងអស់ ចូលរួមប្រគុំតន្រ្តី ក្នុងពេលបុណ្យអំទូក
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធី បើកសម្ពោធ «គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធ ប្រឡាយលូ» នៅសួនច្បារ មុខវត្តបទុមវត្តី ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់តារាចម្រៀង ទាំងអស់ ជាពិសេសតារាចម្រៀងថ្មីៗ ដែលទើបតែប្រឡងជាប់ ក្នុងកម្មវិធីទូរទស្សន៍នានា ក្នុងប្រទេស ឲ្យចូលរួមឲ្យ បានគ្រប់ៗគ្នា ក្នុងការប្រគំតន្រ្តី អបអរព្រះរាជ ពិធីបុណ្យអំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ទោះបីការប្រណាំងទូក ត្រូវបានប្រកាសផ្អាកក្ដី ប៉ុន្តែការប្រគុំតន្រ្តីតាមស្ថានីយទូរស្សនានា នៅតែប្រព្រឹត្តទៅជាធម្មតា។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមអញ្ជើញទុកជាមុន នូវសិល្បករ-សិល្បការិនីល្បីៗ ដែលខ្ញុំរៀបរាប់អំបាញ់ មិញនេះ..! មានមួយចំនួនរៀបរាប់ មិនអស់ឈ្មោះទេ ប៉ុន្តែ Cambodian Idol មកទាំងពីរ ម្ដងមក.! The Voice ក៏មកទាំងអស់ គេហៅថាពួក Live Show ចុងក្រោយ ហើយអ្នកដែលជាប់នៅប៉ុស្ដិ៍បាយ័ន ប៉ុស្តិ៍CTN ប៉ុស្ដិ៍ MyTV ប៉ុស្ដិ៍ណាប្រឡងចម្រៀង ប្រមូលឲ្យអស់មក ខ្ញុំប៉ាវតែម្ដង..! »។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលចង់មកកម្សាន្តសប្បាយ ក្នុងពិធីបុណ្យអំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ក្នុងរាជធានីភ្នំពេញ សូមមេត្តាអញ្ជើញចូលរួម ដូចធម្មតា ព្រោះការប្រគុំតន្រ្តីផ្សាយផ្ទាល់ តាមស្ថានីយទូរទស្សន៍ ការតាំងពិព័រណ៍ផលិតផលនានា និងស្ដង់លក់ទំនិញ គ្រប់ប្រភេទ ដើម្បីឲ្យបងប្អូនទស្សនាកម្សាន្ត នៅតែមានជាធម្មតា ពុំមានការផ្លាស់ប្ដូរនោះទេ៕

ConversionConversion EmoticonEmoticon