អ្នកប៉ៃលិន​និយាយ​ថា គ្មាន​ទេ ​ភូមិ-ឃុំសុវត្ថិភាព

ខេត្ត​ប៉ៃលិន ៖ អ្នក​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​សុវត្ថិភាព អសន្តិសុខ​ក្នុង​សង្គម ខណៈ​ល្បែងស៊ីសង​កន្ទុយលេខ​ឆ្នោត ត្រូវ​បាន​គេ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង នៅ​តាម​ភូមិ​-​ឃុំ ជា​ពិសេស​ក្នុង​ផ្សារ​សាលា​ក្រៅ ផ្សារ​ព្រំ និង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ដោយ​អ្នក​ញៀន​ល្បែង​មួយ​ចំនួន​អះអាង​ថា ពួក​គេ​លេងឆ្នោត​ខ្មែរ​មានច្បាប់​ត្រឹមត្រូវ ។

ចំណែក​ឆ្នោត​អត់​មានច្បាប់ ពួក​គេ​បង់ប្រាក់​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​រៀង​រាល់​ខែ បើសិនជា​ខាន​បង់​តែ​កន្លះ​ខែ ឬ​១​ខែ ត្រូវ​គេ​ចាប់​ឃាត់ខ្លួន​យក​ប្រាក់ ម្នាក់​ៗ​ស្ទើរ​អស់​រនូត​រនាប ពោល​គឺ​អស់​រាប់​ពាន់​ដុល្លារ​ឯណោះ រួច​ដោះ​លែង​បន្ត​ឱ្យ​លេង ដើម្បី​ឱ្យ​លេង​បន្ត​ស្រង់​ដើម​ឡើង​វិញ ។
ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្រុងប៉ៃលិន​បាន​បង្ហើប​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ល្បែង​កន្ទុយលេខ​ឆ្នោត​នៅ​តាម​ភូមិ​-​ឃុំ​-​សង្កាត់ និង​តាម​ផ្សារ​នានា​ក្នុង​ខេត្ត​ប៉ៃលិន ជា​ពិសេស​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ត្រូវ​គេ​បើក​លេង​ជា​ចំហរ​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ខ្លាចញញើត​នឹង​ច្បាប់ ឬ​សមត្ថកិច្ច​បន្តិច​ឡើយ ដោយ​មាន​មេ​ឆ្នោត​ធំ​ៗ​ជា​ច្រើន​នាក់ ហើយ​អ្នកខ្លះ​អះអាង​ថា ពួក​គេ​បាន​បង់​លុយកាក់​ឱ្យ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​រួចរាល់​អស់ហើយ ។
ប្រភព​បន្ត​ទៀត​ថា ក្នុង​១​ខែ​ៗ​មេ​ឆ្នោត​ទាំងអស់ បង់​មិន​តិច​នោះ​ឡើយ តែបើ​ភ្លេច​បង់​កន្លះ​ខែ ឬ​មួយ​ខែ នឹង​ត្រូវ​សមត្ថកិច្ច​ចាប់​យក​ទៅ​ផាកពិន័យ​យ៉ាង​ចាស់ដៃ​ពោល គឺ​ចាប់ពី​១​ពាន់ ដុល្លារ​ឡើង​ទៅ ។ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ពួក​គេ​នៅ​មិន​រាងចាល​ឈប់​លេង​ដែរ ព្រោះ​ចង់​ស្រង់​ដើម​ឡើង​វិញ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​យក​ទៅ​ពិន័យ​រួច​មក ។
អាជ្ញាធរ​បញ្ជាក់​ទៀត​ថា បើ​ចង់​លុប​បំបាត់​ល្បែងស៊ីសង ឬ​ល្បែង​កន្ទុយលេខ​ឆ្នោត​នេះ មិន​អស់នោះ​ឡើយ ព្រោះ​អី​សមត្ថកិច្ច​ជា​អ្នក​ចាប់​ជនល្មើស​ដាក់​ខែ​ជាមួយ​អ្នក លេងល្បែង​អស់ហើយ​នោះ ។ ពួក​គេ​និយាយ​ថា គ្មាន​ទេ​ភូមិ​-​ឃុំ​សុវត្ថិភាព មាន​តែ​ទ្រឹស្តី​ប៉ុណ្ណោះ ។


Previous
Next Post »