ISIS អាចទឹកភ្នែក ដោយសារគម្រោងការ របស់ប្រទេសបារាំង...

ISIS អាចទឹកភ្នែក ដោយសារគម្រោងការ របស់ប្រទេសបារាំង នាពេលថ្មីៗនេះ

បារាំង៖ បញ្ហា និងឧបសគ្គដ៏សែនធំមួយទៀតហើយ បានរត់មករកក្រុមឥស្លាមជ្រុលនិយម ISIS ពោលគឺបន្ទាប់ពីប្រទេសបារាំង បានសម្រេចពង្រាយទ័ព ដើម្បីចូលរួមប្រតិបត្តិការ ប្រយុទ្ធប្រឆាំងទៅលើក្រុម ISIS ដែលមាន មូលដ្ឋាននៅប្រទេសស៊ីរី និងអ៊ីរ៉ាក់។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កប៉ាល់យោធាដ៏ធំបំផុតមួយរបស់ប្រទេសបារាំង ឈ្មោះថា The Charles de Gaulle ត្រៀមខ្លួនរួចជាស្រេច ក្នុងការវាយប្រហារ ទៅលើទីតាំងនានា របស់ពួក ISIS ដើម្បីជំរុញឲ្យប្រតិបត្តិការរបស់ប្រទេសជាសម្ព័ន្ធមិត្ត ដូចជាសហរដ្ឋអាមេរិក ជាដើម សម្រេចជោគជ័យក្នុងរយៈពេលឆាប់ៗខាងមុខ។
The Charles de Gaulle កប៉ាល់ប្រយុទ្ធដ៏ធំបំផុតមួយ របស់ប្រទេស បារាំង
The Charles de Gaulle គឺជាកប៉ាល់ដ៏ធំមួយ ដែលអាចផ្ទុកយន្តហោះ ទម្លាក់គ្រាប់បែក បានដល់ទៅ ៤០គ្រឿង និងអាចទ្រទ្រង់ ការហោះចុះឡើងដល់ទៅ ១០០ដងក្នុងមួយថ្ងៃ ដែលនេះហើយគឺជា កត្តាដ៏ធំមួយក្នុងការ ជួយជម្រុញឲ្យសមត្ថភាពប្រយុទ្ធរបស់ប្រទេស បារាំង រឹតតែខ្លាំង និងមិនងាយទប់ទល់បាន។ លើសពីនេះទៀត ក៏នៅមាននាវាចម្បាំងជាច្រើនគ្រឿង កប៉ាល់សម្រាប់ផ្គត់ផ្គង់ប្រេងសាំង និងនាវាមុជទឹក ជាច្រើនគ្រឿងទៀត ត្រូវបានដាក់ពង្រាយ អមមកជាមួយកប៉ាល់ The Charles de Gaulle នេះផងដែរ។
លោក Francois Hollande ប្រធានាធិបតីបារាំង បានលើកឡើងជុំវិញការពង្រាយទ័ពនេះថា “នេះគឺជាជម្រើស ដ៏សមហេតុផលមួយ ដែលអាចឲ្យពួកយើង រឹតតែបង្កើនសមត្ថភាព ខ្លាំងថែមទៀត នៅក្នុងកិច្ចសហការ ជាមួយនឹងក្រុមសម្ព័ន្ធមិត្ត របស់ពួកយើង”។
ផែនទីបង្ហាញអំពី ទីតាំងដែលក្រុម ISIS កាន់កាប់នៅក្នុង ប្រទេសស៊ីរី និងអ៊ីរ៉ាក់
គូសបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំនេះ ពួកខ្មាន់កាំភ្លើង របស់ក្រុម ISIS បានឆ្មក់ចូល ក្នុងទីស្នាក់ការ ទស្សនាវដ្តីមួយកន្លែង ប្រចាំនៅទីក្រុងប៉ារីស ដោយបានសម្លាប់ជីវិតមនុស្សអស់១៧នាក់ ដែលនេះជាមូលហេតុ ដ៏ធំមួយ នាំឲ្យប្រទេសបារាំង សម្រេចធ្វើការចូលរួមប្រយុទ្ធ ហើយសម្រាប់ការពង្រាយទ័ព ត្រៀមប្រយុទ្ធនាពេលដ៏ឆាប់ខាងមុខ គឺជាលក្ខណៈទ្រង់ទ្រាយធំ ដែលជាការប្រឈមដ៏ធ្ងន់ធ្ងរមួយ សម្រាប់សកម្មប្រយុទ្ធ ISIS៕
ចំនួននៃការ វាយប្រហារទៅលើ ទីតាំងក្រុម ISIS របស់ក្រុមសម្ព័ន្ធមិត្ត ដែលដឹកនាំដោយ សហរដ្ឋអាមេរិក
Previous
Next Post »